អ្នកនាងមាស សុខសោភា ត្រូវបានអ្នកគាំទ្រក្នុងនិងក្រៅប្រទេសទទួលស្គាល់ថាជាតារាចម្រៀងជួរមុខដែលមិនត្រឹមតែមានសំនៀងផ្អែមស្រទន់ប៉ុណ្ណោះទេ ថែមទាំងជាតារាចម្រៀងដែលតែងតែចូលរួមចំណែកនូវរាល់សកម្មភាពនានាដើម្បីលើកម្ពស់ការស្រឡាញ់ការពារបរិស្ថាន តាមរយៈស្នាដៃផលិតបទចម្រៀង និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។
បទចម្រៀងរបស់អ្នកនាងដែលមានចំណងជើងថា “Resolution” ត្រូវបានដាក់បញ្ចូលទៅក្នុងអាល់ប៊ុម Resolution លំដាប់ពិភពលោកនៅក្នុង Spotify និងកម្មវិធីស្តាប់ចម្រៀងផ្សេងៗជាច្រើន។ នៅក្នុង Album នោះផងដែរគឺមានការដាក់បញ្ចូលគ្នានូវបទចម្រៀង Resolution ដែលបកស្រាយដោយតារាចម្រៀងល្បីៗចម្រុះជាតិសាសន៍ទូទាំងសកលលោក។ ការជ្រើសរើសបទចម្រៀងនោះត្រូវបានវាយតម្លៃនិងសម្រិតសម្រាំងដោយផ្អែកលើទឹកដមសំនៀង និងអត្ថន័យនៃបទចម្រៀងពោរពេញដោយខ្លឹមសារផ្តោតលើការបណ្តុះគំនិតនៃការស្រឡាញ់ការពារសម្បត្តិធម្មជាតិជាសាកល។ ដោយការស្រឡាញ់ការពារបរិស្ថានគឺមានន័យថាយើងគិតដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
អ្នកនាងមាស សុខសោភា និងផលិតកម្ម Camtrax បានព្យាយាមរួមគ្នាផលិតនូវបទចម្រៀងមិនត្រឹមតែបំពេញតែតម្រូវការអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលដៅពាំនាំបទចម្រៀងខ្មែរចូលក្នុងឆាកអន្តរជាតិ ដើម្បីជាការផ្សព្វផ្សាយអំពីសម្បតិ្ត វប្បធម៌ ធម្មជាតិ និងលើកកម្ពស់វិស័យទេសចណ៍នៅកម្ពុជាទៅដល់មនុស្សទូទាំងសកលលោក។ ក្នុងនាមជាកូនខ្មែរមួយរូបយើងពិតជាមានមោទនភាពយ៉ាងខ្លាំង និងអបអរសាទចំពោះសមិទ្ធិផលនៃស្នាដៃនេះ៕


