រដូវចូលឆ្នាំកាន់តែខិតជិតមកដល់ហើយ យើងឃើញថាបទចម្រៀងចូលឆ្នាំត្រូវបានចាក់ទ្រហឹងគ្រប់ទីកន្លែង ជាមួយគ្នានេះដែរបទ “ឆ្នាំថ្មីរកប្តីមិនបាន” កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់។ យើងសង្កេតឃើញថាគ្រាន់តែបង្ហោះបទនេះទៅក្នុង បណ្តាញសង្គមហ្វេសប៊ុន និង YouTube តែប៉ុន្មានថ្ងៃសោះ ក៏មានទស្សនិកជនចុចស្តាប់ និង ចែកចាយបន្តរាប់ម៉ឺននាក់។
សូមរំលឹកផងដែរថា បទនេះជាស្នាដៃនិពន្ធរបស់កវិវ័យក្មេង លឹម ផាន់ណា ដែលបានតាក់តែងជាមួយនឹងពាក្យពេចន៍ ចាប់ចុងជួនពោរពេញដោយខ្លឹមសារចាក់ដោតអារម្មណ៍មិត្តអ្នកស្តាប់ ពិសេសកញ្ញាៗដែលនៅលីវពន់ពេក។ ក្រោមការបកស្រាយដោយ សំនៀងដ៏ក្រអួនក្រអៅរបស់តារាចម្រៀង មាស សុខសោភា ដែលធ្វើអោយបទនេះស្តាប់មិនចេះជិនណាយ។
ប្រជាប្រិយភាពរបស់បទថ្មីចង្វាក់រាំវង់មួយនេះបានបង្ហាញអោយឃើញថា បទចម្រៀងប្រពៃណីបែបប្រជាប្រិយ នៅតែអាចទទួលការពេញនិយមខ្លាំងជាងបទបែកស្លុយ ដរាបណាបទនោះត្រូវបានតាក់តែង និងផលិតផលប្រកបដោយភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះហើយយើងសង្ឃឹមថាទស្សនិកទាំងអស់នឹងបន្តគាំទ្រស្នាដៃកូនខ្មែរ រីករាយជាមួយចង្វាក់ប្រពៃណីក្នុងឱកាសចូលឆ្នាំខ្មែរ គឺជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ជាតិយើង៕