មាសសុខសោភាចូលរួមដង្ហែព្រះបរមរតនកោដ្ឋ

មាសសុខសោភាចូលរួមដង្ហែព្រះបរមរតនកោដ្ឋ
ប្រជាជនខ្មែរទូទាំងប្រទេស សុទ្ធតែមានមហាទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះការយាងចូលព្រះទីវង្គតរបស់សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះបិតាឯករាជ្យជាតិ ។ ទន្ទឹមនឹងនេះ ក្នុងនាមជាកូនខ្មែរមួយរូប មាសសុខសោភាបានលើកឡើងទាំងក្រៀមក្រំថា៖ «នាង´´ខ្ញុំពិតជាសោកស្តាយគ្មានអ្វីប្រៀបបានចំពោះការយាងចូលព្រះទីវង្គតរបស់សម្តេចតា ព្រះមហាវីរក្សត្រនៃយើង ព្រោះនេះគឹជាការបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើម និងអ្នកស្នេហាជាតិដ៏គំរូមួយព្រះអង្គ ដែលប្រជាជនខ្មែរគោរពស្រឡាញ់គ្រប់ៗគ្នា ហើយក៏សូមចូលរួមរំលែកមហាទុក្ខដ៏សែនក្រៀមក្រំនេះជាមួយសម្តេចយាយ ព្រះមហាក្សត្រ រាជវង្សានុវង្ស និងប្រជាជនខ្មែរគ្រប់រូបផងដែរ ។ សម្រាប់រូបនាង´ខ្ញុំផ្ទាល់ គឺនាងខ្ញុំពិតជាអាឡោះអាល័យចំពោះព្រះអង្គជាខ្លាំង ព្រោះទ្រង់ក៏ធ្លាប់មានអនុស្សាវរីយ៍ជាមួយនាងខ្ញុំផងដែរ ដោយព្រះអង្គធ្លាប់បានឲ្យនាងខ្ញុំច្រៀងនូវបទចម្រៀងថ្វាយទ្រង់ ហើយនៅឱកាសមួយដែលនាងខ្ញុំបានចូលគាល់ម្ចាស់ក្សត្រិយព្រះរាមបុប្ផាទេវី ដែលជាបុត្រីរបស់សម្តេចតា នាងខ្ញុំមានអារម្មណ៍រំភើបជាខ្លាំង ដោយម្ចាស់ក្សត្រិយបានមានព្រះបន្ទូលប្រាប់មកនាងខ្ញុំថា សម្តេចតាទ្រង់សព្វព្រះរាជហឬទ័យខ្លាំងណាស់ចំពោះទឹកដមសម្លេងរបស់ខ្ញុំ ហើយទ្រង់ក៏បានប្រោសព្រះរាជទានជាកាដូលើកទឹកចិត្តមកឲ្យរូបនាងខ្ញុំផងដែរ ។ ម្យ៉ាងវិញទៀត បើទោះបីជាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃដែលសម្តេចតាសោយទីវង្គត នាងខ្ញុំមិនមានវត្តមាននៅស្រុកខ្មែរ ដោយសារជាប់ភារកិច្ចទៅសម្តែងនៅបរទេសប៉ុន្តែកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៣កន្លងផុតទៅថ្មីៗនេះនាងខ្ញុំក៏បានចូលរួមដង្ហែព្រះបរមរតនកោដ្ឋទៅកាន់ទីបុស្បុកនៅវាលព្រះមេរុផងដែរ ហើយក្នុងនាមខ្ញុំជាកូនចៅរបស់ព្រះអង្គនាងខ្ញុំសូមលើកដៃប្រណម្យឧទ្ទិសសូមឲ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅសោយសុខនៅទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយហើយសូមឲ្យព្រះអង្គបែរព្រះភក្រ្តងាកក្រោយប្រទានពរឲ្យប្រជាជនខ្មែរដែលជាកូនចៅ ចៅទួតចៅលួតរបស់ព្រះអង្គជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។បើទោះបីជាពេលនេះសម្តេចតាបានយាងចាកព្រះកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខទៅហើយក្តី ប៉ុន្តែស្នាព្រះហស្ថ និងគំរូវីវភាពដ៏អង់អាចរបស់ព្រះអង្គ នៅតែស្ថិតនៅដិតជាប់ក្នុងក្រអៅបេះដូងរបស់នាងខ្ញុំមាសសុខសោភា និងប្រជាជនខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍តរៀងទៅ ។ ដោយឡែក នៅក្នុងឱកាសថ្ងៃឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំចិននេះ នាង´ខ្ញុំសូមជូនពរដល់Fans ដែលជាប់ខ្សែស្រឡាយចិនទាំងអស់គ្នា សូមឲ្យជួបជុំសាច់ញាតិសែនកុងម៉ាដោយរីករាយ និងធ្វើដំណើរកម្សាន្តទៅគ្រប់ទីកន្លែងប្រកបដោយសុខសុវត្ថិភាព ប៉ុន្តែសូមកុំភ្លេចណា៎! បើស្រវឹងកុំបើកបរ បើបើកបរកុំស្រវឹង! រីករាយថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំថ្មីសំណាងល្អ រកទទួលមានបានទាំងអស់គ្នា! កុងស៊ីហ្វាឆាយ ស៊ីងនៀនខោយឡឺក
恭喜發戝新年快乐! 
។ដោយៈ គ្រី ស្រីនាថ
 

Back